ថ្វាយដង្វាយ

មតិរបស់មហាវិទ្យាធិការ

Vuthy Son, PPBS Principal

សារមកពីលោកមហាវិទ្យាធិការ

ការអប់រំគឺសំខាន់ណាស់មិនត្រឹមតែសម្រាប់សាធារណៈជនទូទៅប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រីស្ទបរិស័ទផងដែរ។ នៅក្នុងប្រទេសកម្ពុជាមានឱកាសយ៉ាងល្អប្រសើរសម្រាប់គ្រីស្ទបរិស័ទក្នុងការចូលរួមក្នុងការអប់រំ។តាមរយៈស្ថាប័នអប់រំគ្រីស្ទបរិស័ទ ជីវិតរបស់យុវជនជាច្រើនត្រូវបានប៉ាន់ច្នៃ និងផ្លាស់ប្តូរ។ យើងតែងតែសរសើរតម្កើងព្រះចំពោះព្រះគុណនេះ ជាពិសេសសម្រាប់ការបើកប្រទេសកម្ពុជាសម្រាប់ដំណឹងល្អដើម្បីអនុញ្ញាតឱ្យវាជ្រាបចូលទៅក្នុងបេះដូងនិងគំនិតរបស់ប្រជាជនកម្ពុជា។

រឿងនេះបានកើតឡើងតាមវិធីជាច្រើន ប៉ុន្តែមធ្យោបាយសំខាន់មួយគឺតាមរយៈស្ថាប័នអប់រំ នៅសាលាព្រះគម្ពីរភ្នំពេញ (PPBS)។ គោលដៅរបស់ PPBS គឺដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំអ្នកបម្រើនៅក្នុងពួកជំនុំកម្ពុជា ដែលនឹងជួយបំពេញមហាបេសកកម្មរបស់ទ្រង់ (ម៉ាថាយ ២៨:១៨-២០)។ ដូច្នេះការអប់រំគឺជាទិដ្ឋភាពមូលដ្ឋានគ្រឹះនៃជីវិតពួកជំនុំ។

នៅក្នុងគម្ពីរសញ្ញាចាស់ គោលបំណងនៃការបង្រៀនគឺថា ជនជាតិអ៊ីស្រាអែលអាចរៀនគោរពច្បាប់របស់ព្រះ ដើម្បីឲ្យគោលជំហរពួកគេជារាស្ដ្ររបស់ព្រះនឹងបង្ហាញឱ្យឃើញ ហើយព្រះជាម្ចាស់នឹងត្រូវបានលើកតម្កើង។ ជាឧទាហរណ៍ កណ្ឌចោទិយកថាបានលើកចំណុចនេះម្តងហើយម្តងទៀត។ នៅក្នុង      ចោទិយកថា ៤:៥-១០ លោកម៉ូសេបានប្រកាសពីសារៈសំខាន់នៃភាពជាសិស្ស ដោយបង្រៀនមនុស្សឱ្យស្តាប់បង្គាប់។ នៅទីនេះលោកម៉ូសេមានការព្រួយបារម្ភថាមនុស្សជំនាន់ក្រោយនឹងត្រូវបានបង្រៀនពីអ្វីដែលគាត់កំពុងបង្រៀនដល់បណ្ដាជន។ ការទំនាក់ទំនងនេះពាក់ព័ន្ធនឹងការចងចាំ និងការប្រតិបត្តិ។ ទោះយ៉ាងណាក៏ដោយ ការបង្រៀន និងការចែករំលែកចំណេះដឹងគឺមិនគ្រប់គ្រាន់ទេ។ មនុស្សត្រូវតែ      «ធ្វើតាមសេចក្ដីបង្រៀននោះ» (ខ.១, ៥, ១៣-១៤) ហើយ
« សង្កេតមើលច្បាប់បញ្ញត្តដោយប្រយ័ត្នប្រយែង» (ខ.៦) ដែលមានន័យថា ការគោរពប្រតិបត្តិយ៉ាងសកម្មគឺចាំបាច់ក្នុងការបង្រៀនព្រះបន្ទូលនៃព្រះ។

PPBS ស្វែងរកការបង្រៀនព្រះបន្ទូលរបស់ព្រះដោយស្មោះត្រង់។ យើងចង់ឲ្យសិស្សមិនគ្រាន់តែរៀនអំពីព្រះបន្ទូលរបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែត្រូវរីកចម្រើនយ៉ាងសកម្មក្នុងការស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ។ តាមរយៈព័ន្ធកិច្ចនៃការបង្រៀន និងការផ្សាយព្រះបន្ទូលរបស់ទ្រង់ ហើយដោយមានបំណងប្រាថ្នាដ៏ខ្លាំងក្លាសម្រាប់ការស្ដាប់បង្គាប់តាមការហៅរបស់ព្រះ យើងចង់ឃើញនិស្សិតបញ្ចប់ការសិក្សារបស់យើងបម្រើ និងប្រទានពរដល់ពួកជំនុំក្នុងស្រុកខ្មែរ និងនៅក្រៅប្រទេស។ ដូច្នេះហើយ ប្រសិនបើអ្នកមានអារម្មណ៍ថាមានការត្រាស់ហៅរបស់ព្រះ សូមមករៀន និងចែករំលែកជាមួយយើង បញ្ជូនអ្នកដឹកនាំនាពេលអនាគតទៅបំពាក់បំប៉ន់ និងរៀបចំតាមរយៈ PPBS។ យើងមានអំណរគុណចំពោះភាពជាដៃគូរបស់អ្នកនៅក្នុងដំណឹងល្អ សម្រាប់ជាប្រយោជន៍ដល់នគររបស់ព្រះ។

មហាវិទ្យាធិការ
ស៊ុន វុទ្ធី