ប្រវតិ្ដសាលា
ក្រោយពីមានសង្គ្រាមក្នុងប្រទេសអស់រយៈពេលជាច្រើនឆ្នាំមក នោះការចុះហត្ថលេខាលើសន្ធិសញ្ញាសន្ដិភាពក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានបើកទ្វារឱ្យប្រទេសកម្ពុជាចូលជាសមាជិកពិភពលោកឡើងវិញ។ នេះជាឱកាសសម្រាប់ផ្សព្វផ្សាយដំណឹងល្អឱ្យលូតលាស់ ហើយក៏មានពួកជំនុំជាច្រើនបានបង្កើតឡើង ឬអ្នកដែលនៅសេសសល់នៃពួកអ្នកស្មោះត្រង់មុនឆ្នាំ១៩៧៥ បានប្រមូលជាក្រុមឡើងវិញ។
ដើម្បីឆ្លើយតបទៅនឹងកំណើននៃសេចក្ដីត្រូវការរបស់ពួកជំនុំ នៅក្នុងប្រទេសកម្ពុជាលើផ្នែកការថែរក្សារបស់គ្រូគង្វាល សាលាព្រះគម្ពីរភ្នំពេញ ត្រូវបានស្ថាបនាឡើងដោយ លោក Daniel Yee Wah Lam ដោយមានការជួយជ្រោមជ្រែងពីសំណាក់គ្រីស្ទបរិស័ទខ្មែរ និងអង្គការគ្រីស្ទបរិស័ទជាច្រើន។ ក្រោយពីការពិភាក្សាអស់រយៈពេលជាច្រើនលើកជាមួយនឹងរដ្ឋាភិបាលកម្ពុជាមក សាលាព្រះគម្ពីរភ្នំពេញ ក៏ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៩២។
ឥឡូវនេះ សាលាបានផ្តល់ជូននូវវគ្គសិក្សាកំរិតបរិញ្ញាបត្ររង កំរិតបរិញ្ញាបត្រខាងផ្នែកព័ន្ធកិច្ចគ្រីស្ទាន និងកំរិតបរិញ្ញាបត្រផ្នែកទេវសាស្ត្រ។ បច្ចុប្បន្ននេះនិស្សិតដែលបានទទួលសញ្ញាបត្រ ជាង៥០០នាក់ កំពុងបម្រើព្រះនៅក្នុងប្រទេសកម្ពុជា។
សាលាព្រះគម្ពីរភ្នំពេញត្រូវបានគាំទ្រ និងលើកទឹកចិត្តយ៉ាងស្មោះសពីបណ្តាពួកជំនុំ និងគ្រីស្ទបរិស័ទនៅទូទាំងពិភពលោក។ អង្គការដែលកំពុងតែជួយជ្រោមជ្រែងសាលាព្រះ គម្ពីរភ្នំពេញ គឺ Country Network (CN)។ អង្គការ CN គឺជាអង្គការស្ម័គ្រចិត្ត និងជាអង្គការមិនមែននិកាយ ដែលត្រូវបានស្ថាបនាឡើង ដោយស្ថាបនិកម្នាក់ឈ្មោះ Daniel Yee Wah Lam ក្នុងគោលបំណងជួយទ្រទ្រង់ដល់ការបណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទក្នុងស្រុកនៃប្រទេសដែល CN ធ្វើការជាមួយ។